នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោក មិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នោះទេ ប៉ុន្តែខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសលីបង់រងការគំរាមកំហែងឡើយ ខណៈបន្តការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលដើម្បីបញ្ចប់ជម្លោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron លោក Salam បាននិយាយថា លោកនឹងត្រូវការដៃគូទាំងអស់របស់ប្រទេសលីបង់ដើម្បីជួយ ខណៈការចរចាដោយផ្ទាល់នៅក្នុងកម្រិតឯកអគ្គរដ្ឋទូតនឹងបន្តនៅចុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន។
លោក Salam បាននិយាយថា «យើងកំពុងបន្តដើរលើផ្លូវនេះ ដោយជឿជាក់ថាផ្នែកការទូត ពុំមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាទង្វើដែលមានការទទួលខុសត្រូវ ដើម្បីមិនទុកចោលផ្លូវណាមួយដែលមិនទាន់បានស្វែងរកក្នុងការស្តារអធិបតេយ្យភាពរបស់ប្រទេស និងការពារប្រជាជនខ្លួន»។
