សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានដាក់ចេញជាបន្តបន្ទាប់ទណ្ឌកម្មហិរញ្ញវត្ថុកាលពីថ្ងៃពុធ លើប្រទេសរុស្ស៊ីដែលប្រធានាធិបតីលោក Joe Biden បាននិយាយថា នឹងដាក់ទណ្ឌកម្មយូរអង្វែងលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ចក្រភពអង់គ្លេសបានធ្វើតាមយ៉ាងឆាប់រហ័ស ហើយក៏មានការខឹងសម្បារកាន់តែខ្លាំងឡើងពីសហភាពអឺរ៉ុប ខណៈសម្ព័ន្ធមិត្តបានជំរុញឆ្ពោះទៅរកយុទ្ធនាការកាន់តែធំ ដើម្បីរឹតត្បិតសេដ្ឋកិច្ចលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ ខណៈទណ្ឌកម្មជាច្រើនដងត្រូវបានបង្កើនឡើង មិនបានបង្ខំឲ្យលោក Putin ចាកចេញពីសង្គ្រាមនោះទេ ទណ្ឌកម្មបានធ្វើឱ្យរុស្ស៊ីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកាន់តែអស់សង្ឃឹម ខណៈកងកម្លាំងអ៊ុយក្រែនតស៊ូទប់ទល់ការបាញ់ផ្លោងពីរុស្ស៊ីបន្ថែមទៀត។ គន្លឹះនៃប្រសិទ្ធភាពទណ្ឌកម្មគឺការរួបរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប។
សំណើរបស់គណៈកម្មការអឺរ៉ុបលើបម្រាមនាំចូលធ្យូងថ្ម នឹងជាការដាក់ទណ្ឌកម្មដំបូងរបស់សហភាពអឺរ៉ុប ដែលមានគោលដៅលើឧស្សាហកម្មថាមពលរកប្រាក់ចំណូលបានច្រើន សម្រាប់ប្រទេសរុស្ស៊ីក្នុងការធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា បម្រាមលើធ្យូងថ្មមានតម្លៃ ៤ពាន់លានអឺរ៉ូ ឬ ៤.៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយសហភាពអឺរ៉ុបបានចាប់ផ្តើមដាក់ទណ្ឌកម្មបន្ថែមរួចហើយ រួមទាំងការនាំចូលប្រេងពីប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន