យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជិត ៤ លាននាក់ បានវិលត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញដោយស្ម័គ្រចិត្តនៅក្នុងប្រទេសស៊ូដង់ ដោយសង្ឃឹមថានឹងកសាងជីវិតរបស់ពួកគេឡើងវិញ ប៉ុន្តែនៅតែប្រឈមនឹង «ការតស៊ូដើម្បីរស់រាន»។

យោងតាមអង្គការទេសន្តប្រវេសអន្តរជាតិរបស់អង្គការសហប្រជាជាតិ(IOM) បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាសង្គ្រាមនៅស៊ូដង់នៅបន្តក៏ដោយ ជនមាតុភូមិនិវត្តន៍ចំនួន ៣,៩៩ លាននាក់ ត្រូវបានរាប់បញ្ចូល ដែលភាគច្រើនបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Khartoum និងរដ្ឋកសិកម្ម Al-Jazirah នៅភាគអាគ្នេយ៍នៃរដ្ឋធានី។

ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបានព្រមានថា អ្នកទាំងនេះកំពុងវិលត្រឡប់ទៅរកសហគមន៍ដែលត្រូវបានបំផ្លាញ និងតម្រូវការបន្ទាន់សម្រាប់ការវិនិយោគដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឡើងវិញ។ លោកស្រី Sung Ah Lee មកពីអង្គការទេសន្តប្រវេសន៍អន្តរជាតិបាននិយាយថា «មនុស្សជាច្រើនកំពុងវិលត្រឡប់ទៅវិញ ព្រោះពួកគេជឿថាសន្តិសុខបានប្រសើរឡើងវិញហើយ»។ «អ្នកផ្សេងទៀតកំពុងវិលត្រឡប់ទៅវិញ ព្រោះជីវិតក្នុងការភៀសខ្លួន មិនអាចស៊ូទ្រាំបាន»។
យោងតាមអង្គការ IOM បានឲ្យដឹងថា សង្គ្រាមបានធ្វើឱ្យមនុស្សជិត ១២ លាននាក់ត្រូវភៀសខ្លួនចេញពីតំបន់ជាច្រើននៅស៊ូដង់ ខណៈមនុស្សជាងបួនលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។