ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសានេះ នៅទីស្នាក់អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Miles Hawthorn ប្រធានអង្គការ HALO Trust (ថ្មី) ប្រចាំនៅកម្ពុជា និងលោក Lasha Lomidze អតីតប្រធានអង្គការ HALO Trust ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
លោក Lasha Lomidze ប្រធានអង្គការ HALO Trust ចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់អង្គការ HALO Trust សម្រាប់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលលោកបានចាត់ទុកថា គឺជាកិច្ចសហប្រតិបត្តិការលេចធ្លោមួយក្នុងវិស័យមីនរបស់អង្គការ HALO Trust។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារបស់អង្គការ HALO Trust ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា អង្គការ HALO Trust បានចូលរួមចែករំលែកយ៉ាងច្រើននូវបទពិសោធន៍ ការតាំងចិត្តទស្សនវិស័យ និងការណែនាំបច្ចេកទេសដល់ការងាររៀបចំនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ការធ្វើឲ្យប្រសើរវិស័យសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតាំងចិត្តយ៉ាងមុះមុតក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបានអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងសប្បុរសជន ក៏ដូចជាវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បានបោសសម្អាតលើផ្ទៃដីរងប៉ះពាល់ដោយសារមីន និងយុទ្ធភណ្ឌទាន់ផ្ទុះប្រមាណ ៤២៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៥២៧.០០០ គ្រាប់ ព្រមទាំងបានផ្តល់ដីមានសុវត្ថិភាពដល់ប្រជាពលរដ្ឋជាង ១លាននាក់។ អង្គការ HALO Trust មានបុគ្គលិកជនជាតិខ្មែរចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជាស្រ្តី។
អ្នកផ្តល់មូលនិធិចម្បងរបស់ HALO Trust Cambodia គឺការិយាល័យ PM/WRA របស់សហរដ្ឋអាមេរិក, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), ជំនួយប្រទេសអៀរឡង់ និងការិយាល័យ Foreign, Commonwealth and Development Office (FCDO) របស់ចក្រភពអង់គ្លេស។ សម្រាប់ឆ្នាំ ២០២២ នេះ HALO Trust Cambodia បានទទួលមូលនិធិចំនួនជាង ៥.៣ លានដុល្លារអាមេរិកសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕