ក្រសួង-ស្ថាប័នចំនួន៣ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបើកជ្រើសរើសមន្ត្រីឡើងវិញ។ ការជ្រើសរើសមន្ត្រីថ្មីបន្ថែមនេះ ជាការឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងត្រូវឆ្លងកាត់ការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃក្រសួងមុខងារសាធារណ: បាននឹងកំពុងដាក់ដំណើរការប្រព័ន្ធចុះឈ្មោះតាមអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការរបស់ក្រសួង ស្ថាប័នចំនួន៣។ ក្រសួង-ស្ថាប័នទាំង ៣រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
ទី១ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ ការដាក់ពាក្យដំណើរការ ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ១៧:០០នាទី ជាកំហិត។
ទី២ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ការដាក់ពាក្យដំណើរការ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។
ទី៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ដំណើរការដាក់ពាក្យ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ:កន្លងទៅ បានលើកឡើងថា ការប្រឡងជ្រើសរើសមន្ត្រីគឺពាក់ព័ន្ធនឹងការវិភាគមុខងារនិងហេដ្ឋារចនាសម្ពន្ធ័ក្រសួង-ស្ថាប័ន។ លោកជំទាវបញ្ជាក់ថា ការប្រឡងជាច្រើនលើកកន្លងទៅ ជាង៩០ភាគរយ ជាការប្រឡងដែលទទួលបានការអនុញ្ញាតរួចរាល់តាំងពីរដ្ឋាភិបាលនីតិកាលទី៦មកម្លេះ។ ការប្រឡងជ្រើសរើសមន្ត្រីថ្មី ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទី ៧ គឺធ្វើឡើងក្នុងករណីដែលក្រសួង-ស្ថាប័ន មានតម្រូវការជាក់ស្ដែងចាំបាច់បំផុតប៉ុណ្ណោះ។ លោកជំទាវ លើកជាឧទាហរណ៍ជាក់ស្ដែង នូវតម្រូវការមន្ត្រីជំនាញ សម្រាប់ក្រសួងការបរទេសជាដើម។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី ៧នេះ បានដាក់ចេញនូវអភិក្រម “ពង្រឹងជាជាងពង្រីក” ដោយមិនពង្រីកលើសពីអ្វីដែលកំពុងមាន ហើយពង្រឹងអ្វីដែលមានស្រាប់ និងកែសម្រួលមួយចំនួនឱ្យបានសមស្រប៕ អត្ថបទ៖ គឹមហុក


