សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជំរុញឲ្យតម្រូវការដឹកជញ្ជូនទំនិញសំខាន់ៗ ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា (Panama Canal) ដល់កម្រិតដែលនាវា ១គ្រឿងដឹកឧស្ម័នធម្មជាតិរាវ (LNG) ត្រូវបង់ប្រាក់ចំនួន ៤លានដុល្លារ ដើម្បីបានធ្វើដំណើរ និងជៀសវាងការរង់ចាំដែលអាចចំណាយពេលរហូតដល់ទៅ ៥ថ្ងៃ។ នេះបើយោងតាមរបាយការណ៍ផ្លូវការមួយ។
ការកើនឡើងនូវការទូទាត់បែបនេះ ត្រូវបានរាយការណ៍ឲ្យដឹង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឲ្យមានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ សម្រាប់ ១ភាគ៥ នៃការនាំចេញប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោកពីបណ្តាប្រទេសឈូងសមុទ្រ។
បើយោងតាមរបាយការណ៍ពីអាជ្ញាធរព្រែកជីកប៉ាណាម៉ា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈ រោងចក្រចម្រាញ់ប្រេង នៅតំបន់អាស៊ី កំពុងជ្រើសរើសទិញប្រេង ឬឧស្ម័នពីសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនវាតាមរយៈផ្លូវទឹកឆ្លងកាត់មហាសមុទ្រ ជំនួសឲ្យការទិញពីបណ្តាប្រទេសឈូងសមុទ្រ ដែលពឹងផ្អែកលើច្រកសមុទ្រ Hormuz ។

អាជ្ញាធរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦)ថា ចំនួននាវាជាមធ្យមដែលឆ្លងកាត់ព្រែកជីកនេះរៀងរាល់ថ្ងៃ «នៅតែច្រើន» ដោយមាននាវាចំនួន ៣៤គ្រឿង នៅក្នុងខែមករា និង ៣៧គ្រឿង នៅក្នុងខែមីនា។ ថ្ងៃខ្លះលើសពី ៤០គ្រឿងឆ្លងកាត់។
នាវាដែលឆ្លងកាត់ព្រែកជីកនេះ បានកក់ការធ្វើដំណើរឆ្លងកាត់របស់ពួកគេជាមុន ហើយនាវាដែលគ្មានការកក់រង់ចាំជាមធ្យម ៥ថ្ងៃ ដើម្បីបានឆ្លងកាត់ ប៉ុន្តែមានការដេញថ្លៃ ដែលការឆ្លងកាត់នៅនាទីចុងក្រោយ អាចត្រូវបានទិញ ។ អាជ្ញាធរបានបញ្ជាក់ថា ការដេញថ្លៃថ្មីៗបំផុត រួមមានការដេញថ្លៃតម្លៃ ៤លានដុល្លារ សម្រាប់នាវា LNG ១គ្រឿង ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នាវាដឹកប្រេង ២គ្រឿង បានចំណាយលើស ៣លានដុល្លារ៕

