នាយករដ្ឋមន្ត្រី លោក Nawaf Salam បាននិយាយកាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ថា ប្រទេសលីបង់ត្រូវការថវិកា ៥០០លានអឺរ៉ូ ឬជាង ៥៨៨លានដុល្លារ ក្នុងរយៈពេល ៦ខែខាងមុខ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗដែលបង្កឡើងដោយសារសង្គ្រាមរបស់អ៊ីស្រាអែល។
ជាមួយគ្នានេះ អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស លោក Salam បាននិយាយថា លោកបានស្នើសុំឲ្យអាជ្ញាធរតុលាការលីបង់តាមដានការសម្លាប់កងកម្លាំងរក្សាសន្តិភាពបារាំងម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNIFIL) និងនាំអ្នកប្រព្រឹត្តិខុសឲ្យមកទទួលខុសត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA។

ជាងនេះទៀត លោក Salam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដោយនិយាយថា លោកបានពិភាក្សាអំពីផែនការឲ្យមានសន្និសីទអន្តរជាតិមួយ ដើម្បីគាំទ្រកងទ័ពលីបង់ និងកងកម្លាំងសន្តិសុខ។ ពាក់ព័ន្ធនឹងការខាតបង់ ដោយសារសង្គ្រាមរបស់អ៊ីស្រាអែល លោក Salam បានបញ្ជាក់ថា «លីបង់ត្រូវការប្រាក់ ៥០០លានអឺរ៉ូ ដើម្បីទប់ទល់នឹងវិបត្តិមនុស្សធម៌ ក្នុងរយៈពេល ៦ខែខាងមុខ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលនៅតែបន្តរំលោភលើបទឈប់បាញ់រយៈពេល ១០ថ្ងៃដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ បើយោងតាមតួលេខផ្លូវការ បានបង្ហាញថា ចាប់តាំងពីថ្ងៃទី២ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានសម្លាប់មនុស្ស ២.២៩៤នាក់ បណ្ដាលឲ្យមានរបួស ៧.៥៤៤នាក់ និងបានធ្វើឲ្យមនុស្សជាង ១លាននាក់ភៀសខ្លួន៕


