ក្រសួងការពារជាតិ បាននិយាយថា ចក្រភពអង់គ្លេស ធ្វើជាម្ចាស់ផ្ទះនៃអ្នករៀបចំផែនការយោធាមកពីប្រទេសជាង ៣០ សម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃពុធនេះ អំពីបេសកកម្មពហុជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីការពារការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ ហ័រមូស ។
ក្រសួងបានបញ្ជាក់ថា កិច្ចប្រជុំនេះ នឹង«ជំរុញផែនការលម្អិត»លើការបើកច្រកសមុទ្រឡើងវិញ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត បន្ទាប់ពី «វឌ្ឍនភាព» នៅក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភារកិច្ចថ្ងៃនេះ និងថ្ងៃស្អែក គឺដើម្បីប្រែក្លាយការឯកភាពគ្នាផ្នែកការទូត ទៅជាផែនការរួមគ្នា ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ និងគាំទ្រដល់បទឈប់បាញ់យូរអង្វែង»។

លោកបានអះអាងថា លោកមានទំនុកចិត្តថា «វឌ្ឍនភាពពិតប្រាកដអាចត្រូវបានធ្វើឡើង»។
សន្និសីទនេះ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាអន្តរជាតិស្តីពីច្រកសមុទ្រយុទ្ធសាស្ត្រនៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ដែលបានត្រូវបានចូលរួមដោយ ប្រទេសជាង ៤០៕
