ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន ឯកឧត្តម តុង ជុន បានអញ្ជើញមកដល់កម្ពុជា ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីកម្ពុជា។ វត្តមានរបស់ប្រមុខការទូត និងការពារជាតិចិននាពេលនេះ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ប្រទេសកម្ពុជា គឺជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារសំខាន់នេះឡើង ដែលកិច្ចសន្ទនានេះ នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។
បន្ទាប់ពីកិច្ចសន្ទនា «២+២» ឯកឧត្តម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ក៏នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕













