អង្គការអន្តរជាតិរបស់អង្គការសហប្រជាជាតិទទួលបន្ទុកទេសន្តរប្រវេសន៍ UN’s International Organization for Migration បានឱ្យដឹងថា ជនភៀសខ្លួនប្រមាណជិត៨០០០នាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួន កាលពីឆ្នាំ២០២៥កន្លងទៅ ដែលជនភៀសខ្លួនភាគច្រើនមកពីអនុតំបន់អាហ្វ្រិក សាហារ៉ា និងធ្វើដំណើរឆ្លងកាត់សមុទ្រទៅកាន់តំបន់អឺរ៉ុប ។
អង្គការអន្តរជាតិរបស់អង្គការសហប្រជាជាតិទទួលបន្ទុកទេសន្តរប្រវេសន៍ បានបន្ថែមថា ជនរងគ្រោះភាគច្រើនបានបាត់បង់ជីវិត ឬបាត់ខ្លួនដោយសារឧបទ្ទវហេតុលិចទូក ខណៈដែលទូកមានទំហំតូច និងដឹកជនអន្តោប្រវេសន៍ច្រើនលើសកំណត់ ហើយម្យ៉ាងទៀតទូកជនអន្តោប្រវេសន៍ត្រូវធ្វើដំណើរឆ្លងកាត់សមុទ្រក្នុងចម្ងាយឆ្ងាយ ។

ទីភ្នាក់ងារមនុស្សធម៌ និងផ្នែកឆ្លើយតបរបស់អង្គការសហប្រជាជាតិ UN’s agency’s humanitarian and response department បានឱ្យដឹងថា មនុស្សចំនួន៧៩០៤នាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួនកាលពីឆ្នាំ២០២៥ គឺធ្លាក់ចុះបន្តិចពីចំនួនមនុស្សស្លាប់ ឬបាត់ខ្លួនចំនួន ៩១៩៧នាក់កាលពីឆ្នាំ២០២៤កន្លងទៅ ។
ប្រភពដដែលបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់សរុបចាប់តាំងពីឆ្នាំ២០២៤កន្លងមក គឺមានប្រមាណជាង៨២០០០នាក់ ហើយមនុស្សប្រមាណជាង៣៤០០០០នាក់ផ្សេងទៀត ដែលជាសមាជិកគ្រួសាររបស់ជនរងគ្រោះ ត្រូវបានប៉ាន់ប្រមាណថា បានទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីវិបត្តិនេះ ៕

