អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យពលរដ្ឋរុស្ស៊ីតវ៉ាប្រឆាំងសង្គ្រាម បន្ទាប់ពីមានការលេចចេញនូវវីដេអូ និងរូបភាពគួរឱ្យរន្ធត់នៃសាកសពពីក្រុង Bucha ជាយរដ្ឋធានីគីវ។

លោក Zelenskyy បាននិយាយទៅកាន់ប្រជាជនរុស្ស៊ីជាភាសាកំណើតរបស់ពួកគេថា ពេលនេះគឺជាពេលវេលាសំខាន់ ដោយបានជំរុញឱ្យអ្នកដែលមិនយល់ព្រមក្នុងជម្លោះត្រូវទាមទារឱ្យបញ្ចប់។ លោកបានថ្លែងថា វាចាំបាច់ដើម្បីទាមទារឲ្យមានការបញ្ចប់សង្គ្រាម។ លោក Zelenskyy និយាយថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលប្រកាសដោយបណ្ដាប្រទេសលោកខាងលិច គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សម្ពាធពីប្រទេសលោកខាងលិចសម្រាប់ទណ្ឌកម្មថ្មីបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីវីដេអូ និងរូបភាពបង្ហាញសាកសពរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Bucha បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនដណ្ដើមយកមកវិញការគ្រប់គ្រងទីក្រុង ខណៈកងទ័ពរុស្ស៊ីដកថយ។ ជនរងគ្រោះមួយចំនួនដៃមានជាប់ចំណង និងត្រូវបានគេបាញ់ចំក្បាល ហើយរូបភាពពីផ្កាយរណបបង្ហាញថា សាកសពនៅរាយប៉ាយតាមផ្លូវចាប់តាំងពីពាក់កណ្ដាលខែមីនា ក្នុងពេលយោធារុស្ស៊ីកំពុងកាន់កាប់ទីក្រុងនេះ៕
អត្ថបទ៖ ប៊ុនថន