លោកស្រី Maria Solyanova បេក្ខជនវិទ្យាសាស្ត្រនយោបាយ អ្នកស្រាវជ្រាវនៅផ្នែកគោលនយោបាយការបរទេស និងក្នុងស្រុករបស់សហរដ្ឋអាមេរិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បាននិយាយនៅក្នុងអត្ថបទមួយដែលលោកស្រីបានផ្តល់ឲ្យសារព័ត៌មានTASSថា ប្រជាជនកាណាដា មានការខកចិត្តចំពោះលក្ខណៈនៃទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន ហើយចង់ធ្វើពង្រីកទំនាក់ទំនងរបស់ពួកគេ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។

អ្នកវិភាគរូបនេះ បានដកស្រង់ការស្ទង់មតិថ្មីៗនេះថា ប្រហែល ៥៧% នៃប្រជាជនកាណាដាគាំទ្រ ឬគាំទ្រខ្លះចំពោះគំនិតនៃការចូលរួមជាមួយសហភាពអឺរ៉ុបជាសមាជិកពេញសិទ្ធិ។ ក្នុងពេលជាមួយគ្នានេះ ៨៤% គាំទ្រការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអឺរ៉ុប។
លោកស្រី បានលើកឡើងថា៖«នៅពេលដែលនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយអំពីតម្រូវការ ក្នុងការ«ពង្រីកភាពជាដៃគូ ហើយការស្ទង់មតិបង្ហាញពីការអាណិតអាសូរកាន់តែខ្លាំងឡើងចំពោះអឺរ៉ុប វាច្បាស់ណាស់ថា ប្រទេសនេះ កំពុងស្វែងរកតុល្យភាពថ្មីនៅក្នុងពិភពលោកមួយ ដែលថ្នាក់ដឹកនាំអាមេរិកហាក់ដូចជាលែងមានភាពរឹងមាំទៀតហើយ»។
យោងតាមលោកស្រី Solyanova កាលពីមួយឆ្នាំមុន ប្រជាជនកាណាដា «ទំនងជាយល់ឃើញថា បញ្ហានៃការចូលជាសមាជិកសហភាពអឺរ៉ុប ជារឿងមិនសមហេតុផល ប៉ុន្តែឥឡូវនេះប្រជាជនជាងពាក់កណ្តាលនៃប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដ៏ម៉ឺងម៉ាត់មួយ»។ លោកស្រីបានពន្យល់ថា ការគាំទ្រចំពោះគំនិតនៃការផ្សះផ្សាគ្នារវាងអឺរ៉ុប បានក្លាយជា «សូចនាករដោយប្រយោលនៃការខកចិត្តនៅក្នុងគំរូភាពជាអ្នកដឹកនាំរបស់អាមេរិក ដែលត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងជាមួយនឹងភាពវឹកវរ និងការដឹកនាំដោយឯកតោភាគី»៕
