មន្ត្រីកាតាម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះគាំទ្រការបន្តបទឈប់បាញ់រវាងសហរដ្ឋអាមេ រិក និងអ៊ីរ៉ង់ រហូតដល់មានដំណោះស្រាយ ដោយព្រមានថា ការបិទច្រកសមុទ្រហ័រមូសណាមួយ នឹងធ្វើឲ្យវិបត្តិបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើងពីបញ្ហាក្នុងតំបន់ ទៅជាបញ្ហាសកល។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចទេ កាតាគាំទ្រការបន្តបទឈប់បាញ់ រហូតដល់មានដំណោះស្រាយ»។

លោក Al-Ansari បានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់កាតាឲ្យបញ្ចប់ជម្លោះ និងវិលត្រឡប់ទៅរកការចរចាវិញ ដោយព្រមានថា ការកើនឡើងភាពតានតឹងបន្ថែមទៀត នឹងប៉ះពាល់អវិជ្ជមានដល់សន្តិសុខក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក។
លោកបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសកាតាចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយប៉ាគីស្ថាន ដោយកត់សម្គាល់ពីការសម្របសម្រួលជាបន្តបន្ទាប់របស់កាតាជាមួយអ៊ីស្លាម៉ាបាដ និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាមេរិក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី៕
