រដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ីរ៉ង់ បានឲ្យដឹងថា ការបិទខ្ទប់ផ្លូវទឹករបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់តិចតួច លើសមត្ថភាពរបស់ប្រទេស ក្នុងការផ្គត់ផ្គង់ទំនិញ និងស្បៀងអាហារមូលដ្ឋាន ដោយលើកឡើងពីផលិតកម្មក្នុងស្រុកដ៏រឹងមាំ និងផ្លូវនាំចូលជំនួស។
កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Gholamreza Nouri បាននិយាយថា៖ «ទោះបីជាមានការបិទផ្លូវទឹកដោយសហរដ្ឋអាមេរិកក៏ដោយ ក៏យើងមិនមានបញ្ហាក្នុងការផ្គត់ផ្គង់ទំនិញ និងស្បៀងអាហារមូលដ្ឋាននោះទេ ដ្បិតដោយសារតែទំហំប្រទេស អាចមានការនាំចូលពីព្រំដែនផ្សេងៗបាន»។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោករដ្ឋមន្ត្រីបានបន្ថែមថា «ប្រហែល ៨៥ភាគរយនៃផលិតផលកសិកម្ម និងទំនិញមូលដ្ឋាន ត្រូវបានផលិតនៅក្នុងស្រុក ដូច្នេះ សន្តិសុខស្បៀងអាហាររបស់ប្រទេស ត្រូវបានបង្កើតឡើង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការបិទខ្ទប់ផ្លូវទឹក ចំពោះកំពង់ផែ និងឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមេសា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស ជាកិច្ចព្រមព្រៀងដែលបានផ្អាកសង្គ្រាមរបស់ខ្លួន ជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំង ចំពោះការបិទផ្លូវនេះ ដោយចាត់ទុកថា វាគឺជាការរំលោភលើបទឈប់បាញ់៕


