រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយនៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើអ៊ីរ៉ង់ តាមរយៈប្រតិបត្តិការ «Economic Fury» របស់ខ្លួន ដោយកត់សម្គាល់ថា ការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ ផ្តោតលើ «ការទ្រទ្រង់ចំណូល» ជាចម្បងរបស់របបនេះ។
តាមរយៈសំណេរបង្ហោះ នៅលើបណ្ដាញសង្គម X លោក Bessent បានឲ្យដឹងថា ដូចដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបន្តបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់។

លោក Bessent បានបន្តទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត កន្លែងស្តុកប្រេង នៅកោះ Kharg នឹងពេញ ហើយអណ្តូងប្រេងដ៏ផុយស្រួយរបស់អ៊ីរ៉ង់ នឹងត្រូវបិទ។ ការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ ផ្តោតលើការទ្រទ្រង់ចំណូលជាចម្បងរបស់របបនេះដោយផ្ទាល់»។
លោក Bessent បានបន្ថែមថា ក្រសួងរតនាគារ នឹងបន្ត «អនុវត្តសម្ពាធអតិបរមាតាមរយៈប្រតិបត្តិការ Economic Fury ដើម្បីបន្ថយជាលំដាប់នូវសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ក្នុងការបង្កើត ផ្ទេរ និងបញ្ជូនមូលនិធិត្រឡប់ចូលទៅប្រទេសវិញ»។
លោកបានព្រមានថា៖ «បុគ្គល ឬនាវាណាមួយដែលសម្របសម្រួលលំហូរទាំងនេះ តាមរយៈពាណិជ្ជកម្ម និងហិរញ្ញវត្ថុដោយសម្ងាត់ ប្រឈមនឹងហានិភ័យរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យើងបន្តបង្កកមូលនិធិដែលត្រូវបានលួចដោយថ្នាក់ដឹកនាំពុករលួយ តាងនាមឲ្យប្រជាជនអ៊ីរ៉ង់»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុវត្តការបិទផ្លូវទឹក ចំពោះកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីដើមខែនេះ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបរាជ័យ៕

