រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យទីក្រុងបេរូតប្រឹងប្រែងរួមគ្នាជាមួយអ៊ីស្រាអែល ដើម្បីទប់ទល់នឹងក្រុមប្រដាប់អាវុធលីបង់ គឹហេសបូឡា នៅមុនការចរចា រវាងប្រទេសទាំង២ ដែលគ្រោងនឹងចាប់ផ្ដើមឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋងាមេរិក។
នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកការទូត លោក Gideon Saar បានលើកឡើងថា៖ «ថ្ងៃស្អែកការចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្ដើមឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលលីបង់ សូមធ្វើការរួមគ្នាប្រឆាំងនឹងរដ្ឋភេរវកម្មដែលក្រុមហេសបូឡាបានបង្កើតឡើងនៅក្នុងទឹកដីរបស់អ្នក»។

លោក Saar បានបន្តថា៖ «ពួកអ្នកត្រូវការកិច្ចសហប្រតិបត្តិការនេះ ច្រើនជាងពួកយើង។ វាទាមទារភាពច្បាស់លាស់ខាងសីលធម៌ និងភាពក្លាហាន ក្នុងការប្រថុយប្រថាន។ ប៉ុន្តែមិនមានជម្រើសពិតប្រាកដនោះទេ ដើម្បីធានាអនាគតនៃការមានសន្តិភាព ទាំងសម្រាប់ពួកអ្នក និងសម្រាប់ពួកយើង»។
មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់សារប័ត៌មាន AFP ថា អ៊ីស្រាអែល និងលីបង់ ដែលមិនមានទំនាក់ទំនងការទូត នឹងធ្វើកិច្ចចរចាថ្មី នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសលីបង់ និងបានចូលលុកលុយភាគខាងត្បូង បន្ទាប់ពីក្រុមហេសបូឡា បានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញសាមគ្គីជាមួយអ៊ីរ៉ង់ដែលជាអ្នកគាំទ្រខ្លួន។ ទោះបីជាមានបទឈប់បាញ់ដែលបានចាប់ផ្តើមកនៅថ្ងៃសុក្រសប្ដាហ៍មុនក៏ដោយ ក៏ទាហានអ៊ីស្រាអែលនៅតែសកម្មនៅភាគខាងត្បូងលីបង់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងប្រើប្រាស់ «កម្លាំងពេញលេញ» ប្រសិនបើត្រូវបានគំរាមកំហែង៕

