ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានអនុម័តផ្តល់ប្រាក់កម្ចីដែលបានសន្យាចំនួន ៩០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ក៏ដូចជាកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រទេសហុងគ្រីបោះបង់សិទ្ធិវេតូរបស់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីប្រធានប្ដូរវេនរបស់ប្លុក គឺស៊ីប។
អ្នកនាំពាក្យរបស់ប្រធានប្ដូរវេនស៊ីប បានបន្ថែមថា រដ្ឋជាសមាជិកចំនួន ២៧ របស់ EU ឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នារសៀលថ្ងៃព្រហស្បតិ៍។
EU បានយល់ព្រមកាលពីឆ្នាំមុនលើប្រាក់កម្ចីនេះ ដើម្បីបន្តធ្វើឲ្យអ៊ុយក្រែនមានលំនឹងហិរញ្ញវត្ថុ រហូតដល់ឆ្នាំ២០២៦ និងឆ្នាំ២០២៧។ ប៉ុន្តែហុងគ្រីបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ខណៈដែលនាយករដ្ឋមន្ត្រីដែលមានភាពជិតស្និទ្ធជាមួយរុស្ស៊ី គឺលោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើឲ្យប៉ះពាល់ដល់ការបញ្ជូនប្រេងឆ្លងកាត់របស់រុស្ស៊ីតាមរយៈបំពង់បង្ហូរ ដែលរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី។
ជម្លោះនេះក៏បានពន្យារពេលទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ីផងដែរ ដែលដំបូងឡើយ EU មានគោលបំណងអនុម័ត ដើម្បីប្រារព្ធខួប ៤ឆ្នាំនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
នៅទីបំផុត ឧបសគ្គនេះត្រូវបានលុបបំបាត់នៅពេលដែលក្រុមហ៊ុនប្រេងរបស់ហុងគ្រី MOL បានប្រាប់នៅថ្ងៃពុធនេះថា ខ្លួនត្រូវបានជូនដំណឹងថា ប្រតិបត្តិករអ៊ុយក្រែននៃបំពង់បង្ហូរប្រេង Druzhba បានត្រៀមរួចរាល់ហើយ ដើម្បីចាប់ផ្ដើមបញ្ជូនប្រេងឆៅទៅកាន់ហុងគ្រី និងស្លូវ៉ាគី។
ការរំពឹងទុករបស់អ៊ុយក្រែន ក្នុងការទទួលបានប្រាក់កម្ចីនេះ បានមានកម្រិតខ្ពស់រួចហើយ នៅពេលដែលលោក Orban បានចាញ់ការបោះឆ្នោតសភារបស់ហុងគ្រី កាលពីថ្ងៃទី១២ ខែមេសា។ មេដឹកនាំគណបក្សឈ្នះឆ្នោត លោក Peter Magyar បាននិយាយថា លោកនឹងលែងរារាំងមូលនិធិរបស់ EU សម្រាប់ទីក្រុងគីវទៀតហើយ ទោះបីជារូបលោកត្រូវបានគេរំពឹងថា នឹងឡើងកាន់អំណាចនៅខែក្រោយក៏ដោយ៕