រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានប្រកាសនៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា យុទ្ធសាស្ត្រយោធាថ្មីរបស់ប្រទេសអាល្លឺម៉ង់ មានគោលបំណងធ្វើឲ្យកងទ័ពធម្មតាខ្លាំងបំផុតរបស់តំបន់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៊ែរឡាំង លោក Pistorius បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (Bundeswehr) បានអនុម័តយុទ្ធសាស្ត្រយោធាគ្រប់ជ្រុងជ្រោយលើកដំបូងរបស់ខ្លួន ដើម្បីកំណត់សេណារីយ៉ូគំរាមកំហែង និងជំរុញការត្រៀមខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
លោក Pistorius បានបន្តទៀតថា៖ «យើងកំពុងបង្កើនចំនួនទាហានបំពេញកាតព្វកិច្ចសកម្ម ទាហានបម្រុង និងបុគ្គលិកស៊ីវិល។ គោលការណ៍ណែនាំរបស់យើង គឺគោលដៅនៃការមានទាហានត្រៀមខ្លួនប្រយុទ្ធយ៉ាងហោចណាស់ ៤៦០.០០០នាក់ ក្នុងនោះរួមទាំងកងកម្លាំងសកម្ម និងកងកម្លាំងបម្រុងផងដែរ»។
ជាមួយគ្នានេះ លោក Pistorius ក៏បានប្រកាសផងដែរថា អាល្លឺម៉ង់នឹងទទួលខុសត្រូវបន្ថែមទៀត នៅក្នុងអង្គការណាតូ (NATO) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់អាទិភាពជាចម្បងដល់ប្រព័ន្ធការពារដែនអាកាស ។
លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖ «ការការពារដែនអាកាស សម្រាប់អាល្លឺម៉ង់ និងសម្រាប់អង្គការណាតូ នឹងក្លាយជាវិស័យសំខាន់ សម្រាប់ពួកយើង។ មិនថាតាមរយៈយានដ្រូនស្ទាក់ចាប់ ប្រព័ន្ធការពារដែនអាកាស ឬសូម្បីតែការការពារប្រឆាំងនឹងមីស៊ីលលឿនជាងសំឡេងក្ដី ទាំងនេះនឹងក្លាយជាអាទិភាពខ្ពស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ»។
យុទ្ធសាស្ត្រយោធាថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ពីផែនការ ៣ដំណាក់កាល ក្នុងការអភិវឌ្ឍសមត្ថភាពយោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយមានគោលដៅកសាងកងទ័ពធម្មតាដ៏ខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩៕