ប្រទេសលីបង់ និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធនេះ ដោយលើកលែងអ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេសពីតម្រូវការទិដ្ឋាការចូលប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងការបរទេស ក្នុងទីក្រុងបេរូត ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសលីបង់ លោក Alexander Rudakov និងលោក Abdel Sattar Issa អគ្គលេខាធិការក្រសួងការបរទេសលីបង់។
នៅខាងក្រៅពិធីចុះហត្ថលេខា ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។
យោងតាមក្រសួង កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ៦០ ថ្ងៃ បន្ទាប់ពីការផ្លាស់ប្តូរការជូនដំណឹងអំពីការផ្តល់សច្ចាប័នដោយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសទាំងពីរ។ វានឹងនៅតែមានសុពលភាពរយៈពេល ៥ឆ្នាំ ហើយនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិ ប្រសិនបើភាគីណាមួយមិនផ្អាកវាជាបណ្តោះអាសន្ន ដោយសារតែកាលៈទេសៈផ្ទៃក្នុង៕