អ្នកការទូតអ៊ីរ៉ង់មួយរូប បានប្រាប់សារព័ត៌មាន AP នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិក ត្រូវតែបញ្ចប់ការបិទខ្ទប់របស់ខ្លួន លើអ៊ីរ៉ង់ ជាអ្វីដែលតម្រូវឲ្យមានជាមុន សម្រាប់ការចរចាបទឈប់បាញ់បន្ថែមទៀត នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយបន្ថែមថា ការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថានកំពុងដំណើរការ ដើម្បី «អនុវត្តលក្ខខណ្ឌរបស់អ៊ីរ៉ង់»។
លោក Mojtaba Ferdousi Pour ប្រមុខបេសកកម្មអ៊ីរ៉ង់ នៅប្រទេសអេហ្ស៊ីប បានប្រាប់សារព័ត៌មាន AP ថា៖ «(អ៊ីរ៉ង់) នឹងមិនចរចាក្រោមការគំរាមកំហែងនោះឡើយ។ ហើយសាធារណរដ្ឋឥស្លាម នឹងមិនទៅទីក្រុងអ៊ីស្លាម៉ាបាដ មុនពេលមានការដកការបិទខ្ទប់នេះនោះទេ»។
យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បេសកជនរូបនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់បទឈប់បាញ់ ដើម្បីបង្កើនកម្លាំងបន្ថែមទៀត សម្រាប់លទ្ធភាពដែលអាចមានការចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការយោធា លើអ៊ីរ៉ង់។ លោកបាននិយាយថា៖ «នៅពីក្រោយឆាក ពួកគេនិយាយអ្វីមួយ ប៉ុន្តែនៅទីសាធារណៈ ពួកគេនិយាយ និងធ្វើអ្វីផ្សេង»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ កាលពីថ្ងៃអង្គារ ពោលគឺប៉ុន្មានម៉ោងមុនពេលវាផុតកំណត់ ដើម្បីអាចឲ្យប្រទេសទាំង២ បន្តការចរចាសន្តិភាព។
ការពន្យារពេលនេះ បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានម្នាក់ បានបញ្ជាក់ថា អនុប្រធានាធិបតី លោក JD Vance នឹងមិនធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននោះឡើយ សម្រាប់ការចរចាជុំថ្មីដែលត្រូវបានគេរំពឹងថា នឹងកើតឡើង។ ហើយម្យ៉ាងវិញទៀត ប្រទេសអ៊ីរ៉ង់មិនដែលបានប្រកាសនោះទេថា តើខ្លួនបានសម្រេចបញ្ជូនគណៈប្រតិភូទៅដែរ ឬអត់៕