ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «អ្នកសង្កេតការណ៍បោះឆ្នោត» សម្រាប់ជនបង្គោល ស.ស.យ.ក. រាជធានី-ខេត្ត ទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាច្រើនរូបទៀត។
ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការអនុវត្តយុទ្ធនាការពលរដ្ឋល្អ បានបង្ហាញប្រាប់នូវប្រធានបទចំនួន៤ សម្រាប់វគ្គបណ្តុះបណ្តាលនេះ រួមមាន៖ (១) អ្នកសង្កេតការណ៍បោះឆ្នោត (២) សិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ មុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត (៣) បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត និង (៤) បែបបទ និងនីតិវិធីនៃការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត៕



