សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ទី ២២ ខែមេសា បានផ្តល់ភ្លើងខៀវដើម្បីបញ្ចេញទៅឲ្យទីក្រុងគីវនូវប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៦ ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីភាពជាប់គាំងត្រូវបានទម្លាយដោយសារតែជម្លោះរយៈពេលជាច្រើនខែរវាងអ៊ុយក្រែន និងប្រទេសហុងគ្រី ជុំវិញបំពង់បង្ហូរប្រេងដែលត្រូវបានបំផ្លាញ។

អ្នកការទូត បាននិយាយថា ការចុះហត្ថលេខាជាក់លាក់គួរតែធ្វើឡើងនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈទីក្រុង Budapest រង់ចាំប្រេងរបស់រុស្ស៊ីទៅដល់តាមរយៈបំពង់បង្ហូរប្រេង Druzhba បន្ទាប់ពីទីក្រុងគីវ បាននិយាយថា ប្រតិបត្តិការបានចាប់ផ្តើមឡើងវិញ។

ជម្លោះដ៏ខ្លាំងក្លាជុំវិញបំពង់បង្ហូរប្រេងនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីជាតិនិយមរបស់ប្រទេសហុងគ្រី លោក Viktor Orban ប្រឆាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលធ្វើឲ្យការផ្តល់មូលនិធិចាំបាច់សម្រាប់ទីក្រុងគីវ ជាប់គាំង។
លោក Zelenskyy ដែលត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅប្រទេសស៊ីបនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះតាមអនឡាញថា «ការអនុវត្តកិច្ចព្រមព្រៀងរបស់យើងជាមួយសហភាពអឺរ៉ុប ដើម្បីបញ្ចេញកញ្ចប់ជំនួយចំនួន ៩០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំ ពេលនេះកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព» ។ «ការបញ្ចេញប្រាក់កម្ចីនេះ គឺជាសញ្ញាត្រឹមត្រូវក្រោមកាលៈទេសៈបច្ចុប្បន្ន ហើយរុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន»។