ដោយគោរពតាមអភិក្រមរបស់សម្តេចមហាបវរធិបតី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងក្នុងគោលបំណងពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។
បន្ទាប់ពីបានអនុវត្តការវិភាគមុខងារ ដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នម្តងមួយៗ ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។
ក្នុងអង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់យ៉ាងសកម្ម ដោយផ្អែកលើគោលការណ៍សហការ និងទំនួលខុសត្រូវរួម ដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់បញ្ចូលក្នុងខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព និងឯកភាពគ្នា។ ការពិភាក្សានេះ មានគោលបំណងធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាន់តែច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល៕





