ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែត The New York Post ថា ការចរចាជាមួយអ៊ីរ៉ង់ អាចចាប់ផ្តើមនៅថ្ងៃសុក្រ។ ទោះជាយ៉ាងណា មេដឹកនាំអ៊ីរ៉ង់ ទំនងជាច្រានចោលគំនិតនោះ ខណៈមន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថាន បាននឹងកំពុងសម្របសម្រួលការចរចា។

កាសែតនេះ បានដកស្រង់ប្រភពព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយនិយាយថា មាន «កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលវិជ្ជមាន» ជាមួយអ៊ីរ៉ង់ ហើយការចរចាបន្ថែមទៀតអាចធ្វើឡើងក្នុងរយៈពេល «៣៦ ទៅ ៧២ ម៉ោង»ខាងមុខ។ នៅក្នុងសារជាអក្សរ លោក ត្រាំ បានប្រាប់កាសែតនេះថា ពេលវេលាកំណត់គឺ «អាចធ្វើទៅបាន»។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា «លោក ត្រាំ បាននិយាយកុហកម្តងទៀតហើយ»។
សារព័ត៌មាននេះនិយាយថា មន្ត្រីមិនទាន់បានសម្រេចចិត្តដើម្បីចូលរួមក្នុងការចរចាណាមួយនៅថ្ងៃសុក្រនៅឡើយទេ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា បទឈប់បាញ់ «មានន័យ» លុះត្រាតែ វាមិនត្រូវបានរំលោភដោយការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក ចំពោះអ៊ីរ៉ង់។
គេហទំព័រព័ត៌មានអាមេរិក Axios បានដកស្រង់ប្រភពមួយដែលនិយាយថា លោក ត្រាំ មានឆន្ទៈរង់ចាំបីទៅប្រាំថ្ងៃទៀត ប៉ុន្តែការបន្ថែមពេលនេះនឹង«លែងមានពេលកំណត់»។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធដែលថា លោក Trump មិនទាន់បានកំណត់ «កាលបរិច្ឆេទច្បាស់លាស់» ហើយរឿងនេះធ្វើឲ្យប្រជាជនអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់។