នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
សូមជម្រាបថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន ឯកឧត្តមនាយឧត្តមនាវី តុង ជុន បានអញ្ជើញមកដល់កម្ពុជា ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ចនៃប្រមុខការទូត និងការពារជាតិចិននាពេលនេះ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិនកាលពីថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៦នេះ។
ប្រទេសកម្ពុជា គឺជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលមិត្តចិនសម្រេចរៀបចំកិច្ចសន្ទនា «២+២» ដ៏មានសារសំខាន់នេះឡើង ខណៈតាមរយៈកិច្ចសន្ទនានេះ ប្រទេសទាំងពីរ បានប្រកាសជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
សូមជម្រាបថា កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងកម្ពុជា និងចិន ធ្វើឡើងស្របទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងមកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ៕







