ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគីគាំទ្រសន្តិភាព និងការទូត នៅក្នុងជម្លោះមជ្ឈិមបូព៌ា។

លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងកិច្ចប្រជុំជាមួយលោក Mark Rutte អគ្គលេខាធិការណាតូដែលកំពុងទស្សនកិច្ចនៅទីក្រុងអង់ការ៉ា ជាកន្លែងដែលភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និង សកល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីទួរគី។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«លោកប្រធានាធិបតី អឺដូហ្កាន់ បាននិយាយថា ប្រទេសទួរគីបានដាក់ខ្លួននៅខាងសន្តិភាព និងការទូត នៅក្នុងដំណើរការ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់»។

លោក អឺដូហ្កាន់ ក៏បានបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទួរគីសម្រាប់ការបញ្ចប់ដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសន្យាថា នឹងធ្វើការស្តារឡើងវិញនូវការចរចា និងសម្របសម្រួលការចរចាកម្រិតមេដឹកនាំរវាងប្រទេសទាំងពីរ៕