ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី១២ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ ការប្រឡងធ្វើឡើងនៅរាជធានីភ្នំពេញ ដែលសិស្សពូកែមកពីតាមបណ្ដាខេត្ត ចំនួន២៤០នាក់ ត្រូវមកប្រឡងជុំគ្នាផ្ដាច់ព្រ័ត្រ។
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រយ:ពេល២ថ្ងៃ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ជាតិ ថ្នាក់ទី ៩ និងថ្នាក់ទី ១២នៅមណ្ឌលប្រឡង វិទ្យាល័យសន្ធរម៉ុក។ នេះជាការប្រឡងសិស្សពូកែលើមុខវិជ្ជាឯកទេស អក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ លើសពីការប្រឡងលើមុខវិជ្ជាឯកទេស បេក្ខជននីមួយៗ ក៏ត្រូវប្រឡងលើមុខវិជ្ជា វប្បធម៌ទូទៅជាចាំបាច់។
ចំពោះប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២។
ការប្រឡងនេះ កំណត់ឱ្យ បេក្ខជនសិស្សពូកែទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ ពណ៌ខៀវ។ អាវត្រូវស៊កចូលក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ ហើយត្រូវពាក់បណ្ណសម្គាល់ខ្លួននៅពេល ចូលមណ្ឌលប្រឡង ចូលរួមពិធីបើក និងបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បេក្ខជនសិស្សពូកែម្នាក់ៗ អាចជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីធ្វើការប្រឡងបានតែមួយមុខវិជ្ជា ប៉ុណ្ណោះក្នុងចំណោមមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។
ការប្រឡងធ្វើឡើងរយ:ពេល ២ថ្ងៃ គឺថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មេសា ខណៈការប្រកាសលទ្ធផល គ្រោងធ្វើឡើងនៅថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ២០២៦។
ចំពោះប្រាក់រង្វាន់តាមចំណាត់ថ្នាក់ បានបែងចែក ដោយចំណាត់ថ្នាក់លេខ១ ទទួលបាន ៣ ៥០០ ០០០ រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៣ ២០០ ០០០ រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ ៩០០ ០០០ រៀល ចំណាត់ថ្នាក់លេខ ៤ទទួលបាន ២ ៦០០ ០០០ រៀល និងចំណាត់ថ្នាក់លេខ៥ ទទួលបាន ២ ៣០០ ០០០ រៀល ៕ អត្ថបទ៖ គឹម ហុក

