ជនអន្តោប្រវេសន៍អាមេរិកខាងត្បូង និងអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១៥នាក់ដែលទើបតែត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ថ្មីៗនេះនិយាយថា ពួកគេកំពុងប្រឈមនឹងសម្ពាធក្នុងការវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ។
ស្ត្រីមកពីប្រទេសកូឡុំប៊ី ប៉េរូ និងអេក្វាឌ័រ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ចាប់តាំងពីត្រូវបាននិរទេសទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលកាលពីសប្តាហ៍មុន ពួកគេមិនត្រូវបានផ្តល់ជម្រើសគួរឱ្យទុកចិត្តក្រៅពីការវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។

ស្ត្រីជនជាតិកូឡុំប៊ី អាយុ ២៩ ឆ្នាំម្នាក់ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារតែការភ័យខ្លាចនៃការសងសឹកបានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងគិតថា ត្រូវបានគេដាក់សម្ពាធឱ្យយល់ព្រមវិលត្រឡប់ទៅប្រទេសរបស់យើងវិញ ដោយមិនគិតពីហានិភ័យ»។
ក្រុមនេះ បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីសប្តាហ៍មុន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រទេសទីបីដ៏ចម្រូងចម្រាសជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ចាប់តាំងពីការវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទីពីរ លោក Trump បានអនុវត្តវិធានការតឹងរ៉ឹងដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក និងបណ្តេញជនអន្តោប្រវេសន៍ដែលមានស្រាប់នៅក្នុងប្រទេស ខណៈមួយចំនួនមានឋានៈស្របច្បាប់។
