មេដឹកនាំវៀតណាម និងកូរ៉េខាងត្បូង បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាកម្រិតខ្ពស់ នៅឯកិច្ចប្រជុំ ក្នុងទីក្រុងហាណូយ កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ខណៈដែលប្រទេសទាំង២ កំពុងស្វែងរកការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងអំឡុងពេលមានភាពច្របូកច្របល់ពាណិជ្ជកម្មសកល។
អំលុងកិច្ចប្រជុំលើកទី២ របស់ពួកលោក ចាប់តាំងពីខែសីហាឆ្នាំមុប មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចូលរួមចុះហត្ថលេខា នៅទីក្រុងហាណូយ លើឯកសារចំនួន ១២ច្បាប់ ដែលមិនជាប់ចំណងផ្លូវច្បាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើថាមពល បច្ចេកវិទ្យា និងសន្តិសុខ។ ហើយជាមួយគ្នានេះ ដៃគូទាំង២ បានយល់ព្រមសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ និងការផ្តល់ហិរញ្ញប្បទានដល់រោងចក្រថាមពលនុយក្លេអ៊ែរ។

លោក Lam បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំនោះថា ភាគីទាំង២ បានព្រមព្រៀងគ្នា «គាំទ្រអាជីវកម្មវៀតណាម ក្នុងការចូលរួមជាមួយខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់ និងការចែកចាយរបស់កូរ៉េខាងត្បូង ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង»។
ចំណែកលោក Lee ដែលបានធ្វើដំណើរជាមួយគណៈប្រតិភូធុរកិច្ចដ៏ធំមួយទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីបានទៅទស្សនកិច្ចឥណ្ឌា បានបញ្ជាក់ថា៖ «យើងបានព្រមព្រៀងគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងសន្តិសុខថាមពល និងធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់មានស្ថិរភាព»៕
