អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ឃើញការឆ្លើយតប «រួមគ្នាតែមួយ» ពីថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់អរិភាព។

លោកស្រី Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Trump មិនទាន់បានកំណត់ថ្ងៃផុតកំណត់នៅឡើយទេ សម្រាប់ការបញ្ចប់ការពន្យារបទឈប់បាញ់ដែលលោកបានប្រកាសកាលពីថ្ងៃអង្គារ ហើយបានបញ្ជាក់ថា ការចរចានេះផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ សារព័ត៌មាន Axios បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលមានការបែកបាក់គ្នា នូវរយៈពេលពី ៣ ទៅ ៥ថ្ងៃ ដើម្បីឲ្យ «រួបរួមគ្នា» និងឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ហើយវិលត្រឡប់ទៅរកការចរចាវិញ ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយហានិភ័យនៃការដួលរលំបទឈប់បាញ់បច្ចុប្បន្ន។
មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន Axios ថា ពេលវេលានេះ មានន័យថា អ៊ីរ៉ង់ទទួលបានឱកាសត្រលប់មកវិញជាមួយនឹងការឆ្លើយតបរួបរួមតែមួយ។ មន្ត្រីរូបនោះបាននិយាយថា «យើងបានឃើញថា មានការបែកបាក់ទាំងស្រុង នៅក្នុងប្រទេសអ៊ីរ៉ង់ រវាងអ្នកចរចា និងយោធា ដោយគ្មានភាគីណា អាចទាក់ទងជាមួយមេដឹកនាំកំពូល (លោក Mojtaba Khamenei) ដែលខ្លួនលោកផ្ទាល់មិនបានឆ្លើយតបអ្វីទាំងអស់»។
តែយ៉ាងណាក្ដី លោកស្រី Leavitt បានបដិសេធរបាយការណ៍ទាំងនោះ ដោយនិយាយថា «លោកប្រធានាធិបតីមិនបានកំណត់ថ្ងៃផុតកំណត់ច្បាស់លាស់នោះទេ ពោលគឺមិនដូចរបាយការណ៍មួយចំនួនដែលយើងបានឃើញឡើយ»៕

