យោងតាមរបាយការណ៍មួយ កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) បានឲ្យដឹងថា រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ។
ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេស លោក Alexander Pankin បានប្រាប់អ្នកសារព័ត៌មានថា៖ «"មានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់បំផុត»។

លោកបានបន្ថែមថា គេនៅតែមិនច្បាស់លាស់ថា អ្នកណានឹងតំណាងឲ្យរុស្ស៊ី នៅក្នុងការកិច្ចប្រជុំនេះ ដោយកត់សម្គាល់ថា ការសម្រេចចិត្តត្រូវបានគេរំពឹងថា នឹងកើតមានកៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះត្រូវបានកំណត់ធ្វើឡើងនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៤-១៥ ខែធ្នូ។ កិច្ចប្រជុំកំពូល G20 គឺជាការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏បន្ទាន់បំផុតរបស់ពិភពលោក៕
