កសិករ លើកឡើងថា ការដាំបន្លែលើទឹក ឬ Hydroponics ជួយសន្សំសំចៃទឹក បន្លែមានសុវត្ថិភាពខ្ពស់ ចំពោះសុខភាព និងងាយស្រួលថែទាំ ខណៈបច្ចុប្បន្ននេះ ទីផ្សារដំណាំបន្លែលើទឹក មានការគាំទ្រច្រើនពីពលរដ្ឋ។ ចំណែកមន្រ្ដីជំនាញ ថា ពលរដ្ឋអាចទាក់ទងទៅកាន់មន្ទីរដើម្បីសិក្សាពីបច្ចេកទេស។
លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ដាំដំណាំលើទឹក ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា លោកបានដាំដំណាំលើទឹករយៈពេលជិត ១០ឆ្នាំហើយ តាំងពីឆ្នាំ២០១៨ មក។ ហើយការដាំដំណាំលើទឹក បានជួយសន្សំសំចៃទឹកខ្ពស់ បន្លែមានសុវត្ថិភាពចំពោះសុខភាព និងផ្ដល់ផលលឿន។ ជាក់ស្ដែងសាលាដ ដែលដាំលើដី ត្រូវការពេល ៥០ថ្ងៃ ទៅ ៦០ថ្ងៃ តែការដាំលើទឹក ប្រើពេលតែ ៣៥ ទៅ ៤០ថ្ងៃប៉ុណ្ណោះ អាចប្រមូលផលបាន។
លោក លឹម ងួនគ្រុយ ប្រធានទទួលបន្ទុករួម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានប្រាប់ BTV ថា ការដាំដំណាំលើទឹក មានអត្ថប្រយោជន៍ច្រើន ផ្ដល់ភាពងាយស្រួលទាំងការថែទាំ និងទទួលផលលឿន។ ប៉ុន្ដែបច្ចុប្បន្ននេះមូលដ្ឋានខេត្តរបស់លោក មិនទាន់មានការដាំដុះលើទឹកច្រើននៅឡើយទេ ព្រោះត្រូវការដើម និងបច្ចេកទេសខ្ពស់។
លោក លឹម ងួនគ្រុយ ប្រធានទទួលបន្ទុករួម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ៖«ការដាំលើទឹក មិនត្រូវការប្រើប្រាស់ទឹក ការចំណាយលើការថែទាំតិច។ ហើយចំណុចសំខាន់មួយទៀត ដោយសារវាបច្ចេកទេសទំនើប អ៊ីចឹងយើងក៏ទាន់អាចធ្វើបានច្រើននៅឡើយ តែបើគាត់ (ពលរដ្ឋ) ចាប់អារម្មណ៍អាចមកទាក់ទងមន្ទីរ សិក្សាពីបច្ចេកទេស។ បើទោះបីវាថ្មី តែមន្ទីរនឹងព្យាយាមដើម្បីបណ្ដុះបណ្ដាលមន្រ្ដី ក្នុងការផ្ដល់បច្ចេកទេសដល់ពលរដ្ឋពីការដាំដុះលើទឹក»។
ការដាំដុះដំណាំលើទឹក ឬ Hydroponics រួមចំណែកសន្សំសំចៃទឹក បន្លែមានសុវត្ថិភាពខ្ពស់ គ្មានមេរោគ បាក់តេរី ឬសត្វល្អិតនៅក្នុងដីបំផ្លាញដំណាំ កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដំណាំល្អស្អាត មិនប្រឡាក់ដី ងាយស្រួលក្នុងការលាងសម្អាត។ ការដាំដំណាំលើទឹកនេះ អាចដាំពពួកបន្លែ យកស្លឹក យកផ្លែ ដូចជាពពួក សាលាដ, ស្ពៃ, ជី, ត្រសក់, ប៉េងពោះ សណ្ដែកកួរ, ត្រកួន និងម្ទេសជាដើម៕
អត្ថបទ ៖ លៀ ស៊ីណា





