នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកបានកំណត់លក្ខខណ្ឌនៃកិច្ចពិភាក្សាពាណិជ្ជកម្មនាពេលខាងមុខនោះទេ បន្ទាប់ពីមានរបាយការណ៍ ដែលថា ទីក្រុងវ៉ាស៊ីនតោនចង់បាន «ការបង់ប្រាក់ថ្លៃចូល» មុនពេលយល់ព្រមបើកការចរចា។
សហរដ្ឋអាមេរិក និងកាណាដា គ្រោងនឹងធ្វើកិច្ចពិភាក្សា ស្តីពីការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ជាកតិកាសញ្ញាដែលប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខា និងសរសើរក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប៉ុន្តែឥឡូវនេះបានច្រានចោលថា «មិនពាក់ព័ន្ធ»។

ដោយដកស្រង់ប្រភពកាណាដាជាច្រើន ទូរទស្សន៍សាធារណៈ CBC របស់កាណាដា បានរាយការណ៍នៅថ្ងៃទី២២ ខែមេសាថា ក្រុមរបស់លោក Trump ចង់បាន «ការបង់ប្រាក់ថ្លៃចូល» ឬការធ្វើសម្បទាន ពីប្រទេសកាណាដា មុនពេលចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការកែសម្រួលកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។
នៅពេលត្រូវបានសួរ អំពីរបាយការណ៍ទាំងនោះ នៅទីក្រុងអូតាវ៉ា និងថា តើកាណាដា នឹងផ្តល់សម្បទានដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យចរចាដែរ ឬអត់ លោក Carney បានឆ្លើយថា «ទេ»។ លោកបានបញ្ជាក់ថា៖ «វាមិនមែនជាករណីដែលសហរដ្ឋអាមេរិកកំណត់លក្ខខណ្ឌនោះទេ»។ ហើយលោកបាននិយាយបន្ថែមជាភាសាបារាំងថា៖ «វាមិនមែនជាករណីដែល (ប្រទេសមួយ) ទាមទារ ហើយប្រទេសមួយទៀតអង្វរករនោះទេ។ វាគឺជាការចរចា»។
ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CBC៕
