នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Keir Starmer បានចេញមុខប្រកែក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ មិនព្រមលាលែងចេញពីតំណែងនោះទេ ទោះបីជានាយករដ្ឋមន្ត្រីរូបនេះទទួលរងសម្ពាធធ្ងន់ធ្ងរក្នុងសំណុំរឿងតែងតាំងអ្នកនយោបាយចូលនិវត្តន៍ លោក Peter Mandelson ជាប្រេសិតប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
ថ្លែងទៅកាន់ក្រុមសមាជិកសភានៃគណបក្សពលកររបស់លោកក្នុងកិច្ចប្រជុំមួយជាទីដែលលោកទទួលបានការទះដៃស្វាគមន៍យ៉ាងកងរំពង លោក Starmer បានគូសបញ្ជាក់ថា បន្ទាប់ពីបានតស៊ូយ៉ាងខ្លាំងដើម្បីបានទទួលឱកាសផ្លាស់ប្ដូរប្រទេស លោកមិនបានត្រៀមខ្លួនដើរចេញពីតំណែង និងការទទួលខុសត្រូវរបស់លោកនោះទេ ។
មេដឹកនាំគណបក្ស Scottish Labour លោក Anas Sarwar បានអំពាវនាវឱ្យលោក Starmer លាលែងចេញពីតំណែងសម្រាប់ការតែងតាំងលោក Peter Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកទាំងដែលដឹងរួចទៅហើយថាលោក Mandelson មានទំនាក់ទំនងជិតស្និទ្ធជាមួយពិរុទ្ធជនរំលោភផ្លូវភេទ Jeffrey Epstein។
សូមរំលឹកជូថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ប្រធានខុទ្ទការល័យរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer គឺលោក Morgan McSweeney បានលាលែងចេញពីតំណែងរួចទៅហើយ ដែលជាការទទួលខុសត្រូវលើការផ្ដល់យោបល់របស់លោកក្នុងសំណុំរឿងនេះ ៕

