សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា សភាទួរគី បានបោះឆ្នោតកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ដើម្បីទប់ស្កាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ កុំឲ្យចូលប្រើប្រាស់វេទិកាបណ្ដាញសង្គម ដោយនេះជាប្រទេសចុងក្រោយបង្អស់ដែលបានព្យាយាមចេញបម្រាមបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយ NTV របស់ទួរគី បានរាយការណ៍ថា តាមច្បាប់នេះ អ្នកដែលមានអាយុក្រោម ១៥ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឲ្យបង្កើតគណនីបណ្ដាញសង្គម ខណៈដែលវេទិកាឌីជីថលនានា នឹងត្រូវបង្ខំឲ្យដាក់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ។
ការបោះឆ្នោតនេះធ្វើតាមវិធានការហាមឃាត់ និងសំណើស្រដៀងគ្នានេះរបស់ប្រទេសមួយចំនួន ដើម្បីកម្រិតផលប៉ះពាល់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត សម្រាប់ក្មេងៗ ក្នុងនោះរួមទាំងចំណាត់ការដ៏លេចធ្លោរបស់ប្រទេសអូស្ត្រាលីក្នុងការរឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គម ដោយអនុញ្ញាតចំពោះអ្នកដែលមានអាយុលើសពី ១៦ឆ្នាំប៉ុណ្ណោះ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះ ដែលត្រូវបានលើកឡើងដោយគណបក្សរបស់លោក។ ច្បាប់នេះនឹងចូលជាធរមាន ៦ខែបន្ទាប់ពីត្រូវបានចេញផ្សាយនៅក្នុងទំព័រសារព័ត៌មានផ្លូវការ៕


