ណាតូ៖ សារព័ត៌មាន New York Times បានរាយការណ៍នៅសប្ដាហ៍នេះ ដោយសំអាងប្រភពពីក្រុមមន្ត្រីលោកខាងលិចថា ខណៈក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធណាតូជួបគ្នានៅសប្ដាហ៍នេះ ដើម្បីសម្រេចថា តើត្រូវផ្ដល់ការគាំទ្របន្ថែមទៀតបែបណាដល់អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី សមាជិកទាំងអស់របស់ប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងខ្វែងគំនិតគ្នាជុំវិញយុទ្ធសាស្ត្រឆ្លើយតបលើក្រុង Moscow។
យោងតាមសារព័ត៌មានដដែលនេះប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកជាច្រើនបានតស៊ូមតិ សម្រាប់ការកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយទីក្រុង Moscow ក្នុងគោលបំណង "ធ្វើឱ្យរុស្ស៊ីលុតជង្គង់"។ ទន្ទឹមនឹងនោះប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ បារាំង និងទួរគីត្រូវគេរាយការណ៍បានប្រកែកថា រុស្ស៊ីមិនអាចបង្ខិតបង្ខំឱ្យបោះជំហានចូលទៅក្នុងសន្តិភាពបានទេ។ ដូច្នេះមានសេចក្ដីរាយការណ៍ថា ប្រទេសទាំងនោះចង់បន្តការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី។
បើយោងតាមការចេញផ្សាយនោះ រឿងមួយដែលរដ្ឋណាតូទាំងអស់យល់ស្របគឺថា ជម្លោះអ៊ុយក្រែនបានឈានចូលដំណាក់កាលមិនច្បាស់លាស់ ហើយទំនងជាមិនអាចដោះស្រាយបានក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានអះអាងថា កងទ័ពរុស្ស៊ីកំពុងប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៀត៕
អត្ថបទ៖ សុខមាន