អាជ្ញាធរមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ទឹកជំនន់ នៅក្នុងខេត្ត Taiz ភាគនិរតីនៃប្រទេសយេម៉ែន បានឆក់យកជីវិតមនុស្សយ៉ាងណាស់ ២៤នាក់ និងប៉ះពាល់ដល់អ្នកស្រុកជាង ៣១.០០០គ្រួសារ ដោយបង្កជាការខាតបង់លើសពី ១៥លានដុល្លារ ចាប់តាំងពីចុងខែមីនាមក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba របស់យេម៉ែន បានរាយការណ៍ថា អភិបាលរងខេត្ត លោក Moheeb al-Hakimi បានលើកឡើងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Taiz ថា ទឹកជំនន់បានកើតមាននៅតំបន់ជាច្រើន ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប៉ះពាល់អ្នកស្រុកចំនួន ៣១.២៦០គ្រួសារ។

លោកបាននិយាយបន្តថា ទឹកជំនន់បានបង្កការខូចខាតយ៉ាងទូលំទូលាយ នៅទូទាំងវិស័យសំខាន់ៗ ដោយការខាតបង់សរុបមានលើសពី ១៥លានដុល្លារ។
លោក Hakimi បានបន្ថែមថា គ្រោះមហន្តរាយទាំងនេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃភាពងាយរងគ្រោះរ៉ាំរ៉ៃ ដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធកាន់តែខូចខាតធ្ងន់ធ្ងរ អសន្តិសុខស្បៀងអាហារកើនឡើង ហើយសមត្ថភាពស្ថាប័នខ្សោយ ក្នុងការព្រមាន និងឆ្លើយតបដំបូង។
កាលពីថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា ទឹកជំនន់នៅទីក្រុង Taiz បានសម្លាប់មនុស្ស ២២នាក់ ហើយមនុស្ស ២១នាក់ផ្សេងទៀតបានបាត់ខ្លួន ឬរងរបួស ខណៈពេលដែលជាង ១២.០០០គ្រួសារ ត្រូវចាកចេញពីផ្ទះសម្បែង៕
