អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងប្រឈមជាមួយការជំនុះជម្រះក្តី នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីចៅក្រម នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់អះអាងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងអ្វីដែលហៅថា «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក។
ICC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមមុនការកាត់ក្តី «បានបញ្ជាក់អះអាងជាឯកច្ឆន្ទនូវបទចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងលោក Rodrigo Roa Duterte ហើយបានបញ្ជូនលោកទៅកាន់ដំណើរការជំនុំជម្រះក្តី»។
លោក Duterte នឹងក្លាយជាអតីតប្រមុខរដ្ឋតំបន់អាស៊ីដំបូងគេ ដែលប្រឈមនឹងការកាត់ក្តី នៅ ICC ដែលចោទប្រកាន់បុគ្គល ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដ៏អាក្រក់បំផុតរបស់ពិភពលោក ដូចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។
គេមិនច្បាស់នោះទេថា តើលោក Duterte វ័យ ៨១ឆ្នាំ នឹងចូលរួមការកាត់ក្តីរបស់លោកដែរ ឬអត់។ ក្រុមមេធាវីការពារក្តីរបស់លោក និយាយថា លោកមានសុខភាពផ្នែកស្មារតីខ្សោយពេក ដែលមិនអាចយល់ពីដំណើរការនីតិវិធី ហើយរូបលោកមិនបានបង្ហាញខ្លួននោះឡើយ នៅក្នុងសវនាការ ១សប្តាហ៍ ដើម្បីវាយតម្លៃសុពលភាពនៃបទចោទប្រកាន់។
រូបលោកត្រូវបានគេឃើញតែម្ដងប៉ុណ្ណោះ ចាប់តាំងពីមានការចាប់ខ្លួនលោក នៅពេលដែលលោកបង្ហាញខ្លួនលើកដំបូងតាមរយៈវីដេអូ ដែលរូបលោកមើលទៅហាក់ដូចជាមានភាពវង្វេងវង្វាន់ និងអស់កម្លាំង ដោយសុន្ទរកថារបស់លោកស្ទើរតែមិនអាចស្តាប់បាន៕

