នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ ឯកសាររបស់រដ្ឋាភិបាល បានបង្ហាញថា ប្រទេសអ៊ីតាលី ប្រហែលជាមិនអាចបង្កើនការចំណាយលើវិស័យការពារជាតិតាមផែនការនោះឡើយ ដោយសារតែការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកាន់តែកើនឡើង រួមជាមួយនឹងការមានតម្រូវការ ក្នុងការទប់ទល់នឹងការហក់ឡើងនូវតម្លៃថាមពល។
រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានបន្ថយការព្យាករកំណើនរបស់ខ្លួន នៅថ្ងៃពុធ និងបានបង្កើនការព្យាករ សម្រាប់ឱនភាពថវិកា និងបំណុលសាធារណៈ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវតម្លៃថាមពល និងភាពច្របូកច្របល់ នៅតំបន់មជ្ឈិមបូព៌ា។
ផែនការកញ្ចប់ថវិកាច្រើនឆ្នាំ (DFP) របស់ក្រសួងរតនាគារ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ពីហានិភ័យនៃផលប៉ះពាល់ជាអវិជ្ជមាន ចំពោះទស្សនវិស័យ ហើយបានបញ្ជាក់ថា ប្រទេសអ៊ីតាលីឥឡូវនេះ មានលទ្ធភាពមិនគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក្នុងការចំណាយបន្ថែម ដោយសារតែតម្រូវការជួយគ្រួសារ និងក្រុមហ៊ុននានាដោះស្រាយជាមួយផលប៉ះពាល់ថាមពល។
ក្នុងសេចក្ដីពន្យល់ខ្លីមួយទៅកាន់ DFP រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Giancarlo Giorgetti បានលើកឡើងថា៖ «ជាលទ្ធផល វានឹងមានភាពចាំបាច់ ក្នុងការកំណត់ឡើងវិញនូវអាទិភាពរបស់យើង និងរៀបចំកម្មវិធីឡើងវិញនូវការបង្កើនការចំណាយដែលបានគ្រោងទុក នៅក្នុងវិស័យផ្សេងៗ ក្នុងនោះរួមទាំងវិស័យការពារជាតិផងដែរ»។
គួរបញ្ជាក់ថា អ៊ីតាលី រួមជាមួយប្រទេសអឺរ៉ុបភាគច្រើនផ្សេងទៀត នៅក្នុងអង្គការណាតូ (NATO) បានយល់ព្រមតាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងសន្តិសុខដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣៥៕