សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេច ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។



