យោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយ នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញនឹងដាក់ពង្រាយកងពលតូចរ៉ូកែតថ្មីដែលមានទាហានចំនួនប្រហែល ៨០០នាក់នៅក្នុងទីក្រុងភាគកណ្តាល ដែលជាផ្នែកមួយនៃការបង្កើនយោធាកាន់តែទូលំទូលាយ។
ទូរទស្សន៍សាធារណៈ TVP World ដោយដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រី លោក Wladyslaw Kosiniak-Kamysz បានរាយការណ៍ថា ចំណាត់ការនេះនឹងធ្វើឡើងជាផ្នែកមួយនៃការបង្កើនយោធា សម្រាប់ «ការការពារសាធារណរដ្ឋប៉ូឡូញ»។
លោក Kosiniak-Kamysz បានកត់សម្គាល់ថា កងពលតូចរ៉ូកែតទី២ នេះ នឹងមានមូលដ្ឋាន នៅក្នុងទីក្រុងភាគកណ្តាល Lowicz និង Gostynin ក្រោមកម្មវិធីកញ្ចប់ពង្រឹងកងកម្លាំងប្រដាប់អាវុធឆ្នាំ២០២៣-២០២៥ (Armed Forces Strengthening Package 2023-2025)។
បន្ទាប់ពីចុះហត្ថលេខាលើលិខិតបង្ហាញចេតនាជាមួយអភិបាលក្រុង Gostynin ស្តីពីកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខជាតិ និងការពារជាតិ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា «ឆាប់ៗនេះ ទាហាន ៨០០នាក់ នឹងឈរជើងនៅក្នុងតំបន់នេះ»។
អង្គភាពនេះនឹងត្រូវបានបំពាក់មួយផ្នែកដោយជើងទម្របាញ់រ៉ូកែតច្រើនគ្រាប់ K239 Chunmoo របស់កូរ៉េខាងត្បូង ដែលភាគច្រើនកំពុងត្រូវបានដំឡើងនៅក្នុងស្រុក៕