ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បញ្ជាក់ថា លោកបានបញ្ជាឲ្យកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក «បាញ់កម្ទេច» ទូកណាមួយ «ដែលកំពុងដាក់មីននៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz»។
ជាមួយគ្នានេះ លោក Trump សរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «លើសពីនេះទៀត ក្រុមបោសសម្អាតមីនរបស់យើង កំពុងសម្អាតច្រកសមុទ្រនៅពេលនេះ។ ខ្ញុំកំពុងបញ្ជាឲ្យបន្តសកម្មភាពនោះ ប៉ុន្តែត្រូវមានកម្រិតខ្ពស់ជាងមុន ៣ដង!»។
យ៉ាងណាក្ដី សហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់នៅឡើយទេថា តើនាវាអ៊ីរ៉ង់បានដាក់មីន នៅក្នុងច្រកសមុទ្រ Hormuz នេះដែរ ឬអត់ ប៉ុន្តែប្រាប់ថា ខ្លួនបានចាត់វិធានការបង្ការជាបន្តបន្ទាប់ ក្នុងករណីមាន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះបានកើតឡើង ស្របពេលមានសកម្មភាពយោធាកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រ ជុំវិញអ៊ីរ៉ង់ ទោះបីជាមានការពន្យារបទឈប់បាញ់ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ក៏ដោយ៕