ភ្នំពេញ៖ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF នេះ ធ្វើឡើងក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្ដួចផ្ដើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស៕



