ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចតំបន់ជាច្រើននៅក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលីនាថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យជន់លិចផ្លូវសំខាន់ៗ និងបង្អាក់ការដឹកជញ្ជូននៅក្នុងរដ្ឋធានីមួយនេះ ។ ភ្លៀងធ្លាក់ខ្លាំងនេះដែរ បង្កឲ្យមានបញ្ហាស្ទះលូរផងដែរ មុនរដូវវស្សាមកដល់ ។
ទឹកបានជន់តាមផ្លូវសំខាន់ៗ ធ្វើឲ្យរថយន្តជាប់តាមផ្លូវទៅមុខពុំរួច និងបង្ខំឲ្យអ្នកដំណើរដើរលុកទឹកត្រឹមជង្គង់ ។
រដូវវស្សាតែងតែបង្កការជន់លិចនៅទីក្រុង Mogadishu ដែលជាទីក្រុងតំបន់ឆ្នេរមានប្រព័ន្ធលូរបង្ហូរទឹកអន់ និងការពង្រីកទីក្រុងពុំបានគ្រោងទុក ។ ផ្លូវថ្នល់រងការខូចខាត និងត្រូវកាត់ផ្តាច់ដោយសារទឹកហូរ បង្កការលំបាកដល់ប្រជាពលរដ្ឋ ។
ទឹកជំនន់នេះដែរ បានកើតមានឡើង ក្រោយរដ្ឋបាលសូម៉ាលីព្រមានពីភ្លៀងធ្លាក់លើសពីកម្រិតមធ្យមនៅតាមតំបន់ជាច្រើនទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេជំរុញឲ្យអ្នកស្រុករស់នៅតាមតំបន់វាលទំនាបមានការប្រុងប្រយ័ត្នខ្ពស់ ៕