នៅថ្ងៃព្រហស្បតិ៍នេះ ប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខនៅទូទាំងទីក្រុងអ៊ីស្លាម៉ាបាដ ស្របពេលដែលក្រុមមន្រ្តីត្រៀមជុំថ្មីនៃជំនួបរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
ដងផ្លូវទៅកាន់អគាររដ្ឋាភិបាល ត្រូវបានបិទ ហើយរថយន្តយោធា បានល្បាតនៅតាមដងផ្លូវដែលធ្លាប់តែមមាញឹក ។ សណ្ឋាគារ Serena ដែលត្រូវបានគេរំពឹងថា នឹងរៀបចំជំនួប បន្តយាមកាមយ៉ាងតឹងរឹង បើទោះបីជាមិនទាន់មានការបញ្ជាក់ថា ភាគីទាំង ២ នឹងចូលរួមជំនួបក៏ដោយ ។
វិធានការសន្តិសុខនេះដែរ បានបង្អាក់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។ ធុរកិច្ចជាច្រើន បានបិទទ្វារ ហើយការដឹកជញ្ជូនសាធារណៈ ត្រូវបានផ្អាក បង្កការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញ-ចូលទីក្រុង ។
លោក Fida Ulla គឺជាអ្នកស្រុកមួយរូបនិយាយថា ស្ថានភាពបែបនេះ បង្កការលំបាកដល់ពលរដ្ឋសាមញ្ញ ធ្វើឲ្យពួកគេមិនអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃ ។ លោកបានជំរុញអាជ្ញាធរឲ្យគិតគូរពីការលំបាករបស់សាធារណជន ពេលសម្រេចចិត្តរៀបចំជំនួបបែបនេះ ។
លោក Muhammad Sabir គឺជាពលរដ្ឋមួយរូបទៀតនិយាយដែរថា មនុស្សមានការភ័ន្តច្រឡំចំពោះភាពមិនប្រាកដប្រជា ពេលដែលពួកគេឮដំណឹងថា គណៈប្រតិភូនឹងមកចូលរួមជំនួប តែបែរជាមិនមើលឃើញពួកគេបែបនេះ ។
ក្រុមមន្ត្រីពុំបានបញ្ជាក់រឿងរ៉ាវលម្អិតពីជំនួបមួយនេះឡើយ ប៉ុន្តែសន្តិសុខនៅតែមានការរឹតបន្តឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលប៉ាគីស្ថាន បន្តកិច្ចខិតខំ រៀបចំជំនួប ក៏ដូចជាកាត់បន្ថយភាពតានតឹងក្នុងតំបន់ ៕