ព្រះសង្ឃបានចាប់ផ្តើមនិមន្ត ដើម្បីសន្តិភាពរយៈពេល ១សប្តាហ៍នៅទូទាំងប្រទេសស្រីលង្កា ហើយក្រុមអ្នករៀបចំ និយាយថា ការនិមន្តរបស់ព្រះសង្ឃនេះ មានគោលបំណងលើកកម្ពស់សន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងពីកេរតំណែលព្រះពុទ្ធសាសនារបស់ស្រីលង្កា ។
ការនិមន្តរបស់ព្រះសង្ឃនេះ បានចាប់ផ្តើមចេញពីព្រះវិហាររូងភ្នំប្រវត្តិសាស្រ្ត ស្ថិតក្នុងទីក្រុង Dambulla ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងជើងរដ្ឋធានី Colombo ។ ការនិមន្តចម្ងាយ ២២៥គ.ម នឹងបញ្ចប់ទៅនៅទីលានចតុរង្គឯករាជ្យ ស្ថិតក្នុងទីក្រុង Colombo ជាទីដែលលោកប្រធានាធិបតី Anura Kumara Dissanayake ត្រូវបានគេរំពឹងថា នឹងស្វាគមន៍ព្រះសង្ឃ ។
កាលពីថ្ងៃអង្គារ ព្រះសង្ឃ Pannakara Thero មកពីសហរដ្ឋអាមេរិក បានរៀបចំពិធីសាសនាមួយនៅទីក្រុង Anuradhapura និងកាន់កូនដើមពោធិ៍បានមកពីដើមពោធិ៍ព្រឹក្ស ដែលព្រះអង្គគ្រោងនឹងយកទៅដាំនៅសហរដ្ឋអាមេរិក ដើម្បីតំណាងសន្តិភាព ។
គួរឲ្យដឹងថា ការនិមន្តសន្តិភាព បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៥ ពេលដែលព្រះសង្ឃ Pannakara Thero ដឹកនាំព្រះសង្ឃនិមន្តរយៈពេល ១០៩ថ្ងៃ ចេញពីរដ្ឋ Texas របស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីលើកឡើងពីការយល់ដឹងសន្តិភាព និងស្មារតីទូទាំងអាមេរិក និងនៅលើពិភពលោក ៕