ហាប់គីដូ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៦-២០២០ បន្ដអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ ខណៈសហព័ន្ធបានផ្លាស់ប្ដូរក្បាលម៉ាស៊ីន និងបន្ថែមថ្នាក់ដឹកនាំច្រើនរូបដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍប្រភេទកីឡាការពារខ្លួនមួយនេះ បន្ទាប់ពីប្រធានសហព័ន្ធអាណត្តិចាស់គឺឯកឧត្តម ម៉ក់ សំអុល បានលាឈប់។
ចំពោះសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៧ នេះគឺមានដល់ទៅ ២១រូបក្នុងនោះលោកឧកញ៉ា សៅ សេងហាក់ ត្រូវបានគាំទ្រធ្វើជាប្រធានសហព័ន្ធបន្ដពីឯកឧត្តម ម៉ក់ សំអុល ដែលត្រូវបានតែងតែជាប្រធានកិត្តិយសជាន់ខ្ពស់សហព័ន្ធ។ រីឯអនុប្រធានសហព័ន្ធមាន ៦រូបរួមមានលោក គួច ហុកជៀក, លោក ទេព វីរៈ, ឯកឧត្តម រុន រ័ត្នវាសនា, ឯកឧត្តម ស៊ុយ សុខុម, ឯកឧត្តម ជា បូរ៉ា និងលោក ជា ប៊ុនឆាយ។ ចំណែកលោក គង់ ចាន់ធីណា រក្សាតំណែងជាអគ្គលេខាធិការសហព័ន្ធដដែល អមជាមួយអគ្គលេខាធិការង ៣នាក់រួមមានលោក ពុំ ណាង, លោក អ៊ុំ វ៉ុន និងលោក សែ តារា។ រីឯអគ្គហិរញ្ញឹកសហព័ន្ធគឺលោក អ៊ី មុយលី អមជាមួយអគ្គហិរញ្ញឹករង ២រូបគឺកញ្ញា គង់ម៉ូណា ជេស៊ីកា និងលោក ស៊ុយ វុឌ្ឍី ព្រមទាំងសមាជិក ៧រូបផ្សេងទៀត។
បន្ទាប់ពីទទួលបានការគាំទ្រធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្ដិទី៧ លោកឧកញ៉ា សៅ សេងហាក់ បានសម្ដែងក្ដីរំភើបរីករាយ និងបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះបន្ដពីប្រធាន និងថ្នាក់ដឹកនាំសហព័ន្ធអាណត្តិចាស់ ពិសេសលើការងារបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីដើម្បីឈានទៅចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ ដោយឡែកឯកឧត្តម ម៉ក់ សំអុល ក្នុងនាមប្រធានសហព័ន្ធអាណត្តិចាស់ និងជាប្រធានកិត្តិយសជាន់ខ្ពស់សហព័ន្ធអាណត្តិថ្មីបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី ដែលសុទ្ធសឹងជាអ្នកមានធនធាន និងឆន្ទៈ ដោយឯកឧត្តមរំពឹងថា ថ្នាក់ដឹកនាំទាំងអស់នឹងពួកដៃគ្នាពង្រឹង និងជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាកាន់តែរីកចម្រើនទាំងលើឆាកអន្ដរជាតិ និងអន្ដរជាតិ ហើយឯកឧត្តមក៏ប្ដេជ្ញានៅបន្ដគាំទ្រ និងផ្ដល់យោបល់បន្ថែមផងដែរ៕
អត្ថបទ៖ លី ឈុនឡា