នគរបាលនិយាយថា មនុស្សយ៉ាងហោច ១១នាក់ ត្រូវបានសម្លាប់ ក្រោយរថយន្តដឹកទំនិញបាត់បង់ម្ចាស់ការ រួចទៅបុកជាមួយរថយន្តជាច្រើនគ្រឿងទៀតនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះ ។
លោកស្នងការ Aparna Kaushik និយាយថា អ្នកស្រុកបានជួយប្រតិបត្តិការសង្រ្គោះក្នុងគ្រោះថ្នាក់នេះ ស្ថិតក្នុងទីក្រុង Mirzapur ។
លោកថា ដោយមានជំនួយពីអ្នកស្រុក ការជួយសង្រ្គោះ បានចាប់ផ្តើមភ្លាមៗ ហើយតាមអ្វីដែលគេបានរាយការណ៍ មកទល់នឹងពេលនេះ មនុស្ស ១១នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ហើយរឿងរ៉ាវលម្អិតបន្ថែមទៀត នឹងផ្តល់ជូននៅពេលក្រោយ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង ។
ឧប្បត្តិហេតុគ្រោះថ្នាក់នេះ បានកើតឡើងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយមនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងដឹកអ្នកដំណើរបុកជាមួយរថយន្តធំនៅក្នុងរដ្ឋ Uttar Pradesh ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារការបើកបរមានការធ្វេសប្រហែស និងស្ថានភាពផ្លូវពុំសូវអំណោយផល ៕