ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា រយៈពេលបីសប្តាហ៍ទៀត បន្ទាប់ពីការចរចានៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា។

លោក Trump បាននិយាយថា កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ប្រចាំសហរដ្ឋអាមេរិក បានដំណើរការទៅ «យ៉ាងល្អ»។ កិច្ចប្រជុំនេះ គឺជាការចរចាកម្រិតខ្ពស់លើកទីពីរ រវាងប្រទេសទាំងពីរ ចាប់តាំងពីសប្តាហ៍មុន។

បទឈប់បាញ់ដំបូងរយៈពេល ១០ ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន នឹងផុតកំណត់នៅថ្ងៃចន្ទខាងមុខនេះ។ លោក Trump បាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គមថា «សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា»។
លោកបាននិយាយបន្ថែមថា លោកទន្ទឹងរង់ចាំជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun «ក្នុងពេលឆាប់ៗនេះ»។
លោក Trump បានស្វាគមន៍ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Hamadeh Moawad និងសមភាគីអ៊ីស្រាអែល លោក Yechiel Leiter នៅពេលពួកគេបានទៅដល់។
បន្ថែមលើលោក Trump សហរដ្ឋអាមេរិកក៏ត្រូវបានតំណាងដោយអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ។