ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសា ថា ការអត្ថាធិប្បាយថ្មីៗពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនដែលបដិសេធឋានៈរបស់មេដឹកនាំកោះតៃវ៉ាន់ បានគូសបញ្ជាក់ពីការបដិសេធជាយូរមកហើយរបស់ទីក្រុងប៉េកាំង ក្នុងការទទួលស្គាល់សាធារណរដ្ឋចិន (តៃវ៉ាន់)។

អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ លោក Liang Wen-Chieh ក៏បានព្រមានក្រុមអ្នកនយោបាយកោះតៃវ៉ាន់ផងដែរ កុំឱ្យលាក់បាំង ការបំភាន់ អំពីគោលនយោបាយរបស់ចិនចំពោះកោះនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលចិនកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះ បានអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន គ្មានមេដឹកនាំឡើយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន។

ជម្លោះនេះកើតឡើងបន្ទាប់ពីកោះតៃវ៉ាន់នៅសប្តាហ៍នេះបាននិយាយថា ប្រទេសស៊ីសែល ម៉ូរីស និងម៉ាដាហ្គាស្ការ បានលុបចោលជាឯកតោភាគីនូវលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះមេដឹកនាំកោះនេះឆ្លងកាត់ដែនអាកាសដែលពួកគេគ្រប់គ្រងក្នុងដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសអេសស្វាទីនី ដែលជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តិនានារបស់កោះតៃវ៉ាន់។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបានបដិសេធការអះអាងនេះ ប៉ុន្តែបានសម្តែងការកោតសរសើរចំពោះជំហរ និង ការអនុវត្ត របស់ប្រទេសទាំងបីក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃពុធផងដែរថា អ្វីដែលហៅថា មេដឹកនាំនៃសាធារណរដ្ឋចិន លែងមាននៅក្នុងពិភពលោកទៀតហើយ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល៕